ការដង្ហើយហៅរបស់ស្ត្រីមេម៉ាយនិង ក្មេងកំព្រា៤នាក់ មានសប្បុរជនមួយចំនួនចូលរួមជួយឧបត្ថម្ភបានខ្លះហើយ

ដោយះប៊ូស្រា/
ខេត្តមណ្ឌលគិរី៖ដោយមើលឃើញពីភាពខ្វះខាតរបស់គ្រួសារស្ត្រីមេម៉ាយក្នុងការចិញ្ចឹមក្មេងកំព្រាប្រុសស្រីចំនួន៤នាក់ ដែលរស់នៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី លោក សៀក មុន្នី អនុសាខាកាកបាតក្រហមស្រុក និងជាអភិបាលស្រុកអូររាំងបានឧបត្ថម្ភថវិកាចំនួន១០០ដុល្លារ(មួយរយដុល្លាអាមេរិក)ដល់គ្រួសារដែលបានដង្ហើយហៅរកសប្បុរសជនឲ្យជួយឧបត្ថម្ភ ពីព្រោះបច្ចុប្បន្ននេះគាត់មានការខ្វះខាត ពុំមានលទ្ធភាពឱ្យក្មេងប្រុសស្រីទាំង៤នាក់បានចូលសិក្សា។

ទន្ទឹមនោះលោក ងួន គឹមថៃ និងភរិយា រស់នៅក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី បានឧបត្ថម្ភថវិកាចំនួន១០០.០០០រៀល(ដប់ម៉ឺនរៀល)ផង។

ក្រោយពីព័ត៌មាននេះបានជ្រាបដល់លោក នួន សារ៉ន អភិបាលស្រុកកែវសីមា លោកបានមានប្រសាសន៍ឲ្យភ្នាក់ងារយើងដឹងនៅព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៩នេះថា លោកនឹងដឹកនាំក្រុមការងាររបស់ស្រុកចុះជួយដល់គ្រួសារនេះផងដែរ។

គួររំលឹកផងដែរថា ស្ត្រីមេម៉ាយត្រូវជាយាយក្មេងកំព្រា៤នាក់ រស់នៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានលើកដៃសំពះសុំដង្ហើយហៅរកសប្បុរសជនជួយឧបត្ថម្ភគាំទ្រទៅលើការសិក្សារបស់ក្មេងប្រុសស្រីទាំងបួននាក់ពីព្រោះសព្វថ្ងៃនេះគាត់មានការខ្វះខាត ពុំមានលទ្ធភាពឲ្យក្មេងកំព្រាបានចូលសិក្សាគ្រប់គ្នា។

តាមការរៀបរាប់របស់ស្ត្រីមេម៉ាយម្នាក់ត្រូវជាយាយរបស់ក្មេងកំព្រា ក្រោយពីឪពុកម្ដាយរបស់គេត្រូវជាក្មួយរបស់គាត់ បានធ្វើអត្តឃាតស្លាប់ទាំងប្ដីប្រពន្ធដោយបំផ្ទុះគ្រាប់បែកកែច្នៃ បើគិតមកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ។

ហេតុការណ៍បំផ្ទុះគ្រាប់បែកកែច្នៃនោះបានកើតឡើងនៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងអំឡុងឆ្នាំ២០១៨ ហើយស្ត្រីមេម៉ាយត្រូវជាយាយក៏បានយកកូនប្រុសស្រីជនរងគ្រោះមកចិញ្ចឹម តែដោយសារគាត់ជាស្រីមេម៉ាយពុំមានមុខរបរច្បាស់លាស់ ដូច្នេះហើយគាត់ពុំមានលទ្ធភាពឲ្យក្មេងប្រុសស្រីទាំង៤នាក់នេះបានចូលរៀនគ្រប់គ្នានោះទេ។

ដោយរកបានព្រឹកខ្វះល្ងាច សព្វថ្ងៃនេះគ្រួសារខាងលើ បានអ្នកជិតខាងជួយឧបត្ថម្ភជាសំលៀកបំពាក់ និងអង្ករ ហេតុតែមើលឃើញពីភាពខ្វះខាតរបស់យាយ និងចៅទាំង៤នាក់ ក្នុងចំណោមក្មេងកំព្រាមានក្មេងប្រុសម្នាក់មានជំងឺប្រសៃប្រសាទទៀតផង៕

 

មតិ