ទីផ្សារសាច់ជ្រូករីកឡើងវិញបាន80%ហើយ ក្រោយពីផ្ទុះជំងឺជ្រូកប៉េស្ត៍អាហ្វ្រីក

ភ្នំពេញ÷លោកប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានពោលអះអាងថាទីផ្សារសាច់ជ្រូកបានងើបឡើងវិញរហូតដល់កំរឹត80%ហើយ។

មានន័យថាសាច់ជ្រូកមានលក់ស្ទើរគ្រប់ទីកន្លែងឡើងវិញ ដែលធ្វើអោយស្ថាប័នមានសមត្ថកិច្ច ពិសេសពេទ្យសត្វរីករាយសប្បាយអរ លែងរងការរិៈគុណនិងទទួលសម្ពាធពីថ្នាក់លើទៀតហើយ។

លោកតាន់ ផាន់ណារ៉ាអគ្គនាយកនៃអគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វបានអោយដឹងនៅថ្ងៃនេះថាមកទល់ថ្ងៃនេះយើងមិនទាន់ហ៊ានសន្និដ្ឋានបានថាជំងឺនេះរលាយបាត់ទៅណាអស់ហើយនោះទេ តែយើងទាំងអស់ ទាំងរដ្ឋនិងឯកជន សមាគមបានសហការគ្នាគ្រប់គ្រងជំងឺនេះបានល្អមិនឃើញមានករណីផ្ទុះជំងឺនេះនៅកន្លែងណាទៀតទេ បន្ទាប់ពីបានផ្ទុះ៥ខេត្តកន្លងមក។

គាត់បញ្ជាក់ថាឥឡូវនេះជំងឺនេះវាកំពុងផ្ទុះនៅឯប្រឡាវ១៤ខេត្ត។នៅវៀតណាមដែលជំងឺនេះផ្ទុះមុនយើងក៏នៅមិនទាន់អស់ទាំងស្រុងនៅឡើយដែរ។ដូច្នេះយើងអាចនិយាយបានថាវារលាយទាំងស្រុងអស់នៅទូទាំងប្រទេសបានដែរ។

លោកស៊្រុន ពៅប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានប្រាប់ថានៅស្រុកយើងជំងឺនេះមិនងាយរលាយអស់ភ្លាមៗនោះទេ។វាអាចវិវត្តរីករាលដាលទៅកន្លែងផ្សេងៗទៀត។

លោកបានអំពាវនាវដល់អ្នកចិញ្ចឹមកុំអាលយកជ្រូកថ្មីៗមកចិញ្ចឹមទៀត ត្រូវផ្អាកមួយរយៈសិន។ពីព្រោះជំងឺនេះមិនទាន់អស់នៅឡើយទេ។ខ្លាចដាក់ជ្រូកថ្មីចិញ្ចឹមថែមវាមានជំងឺនេះផ្ទុះឡើង។

កន្លងមកយើងកំទេចជ្រូកដែលកើតជំងឺនេះបានតែជាង500ក្បាលប៉ុណ្ណោះ ដូច្នេះវាអាចមានជ្រូកកើតមានជំងឺនៅរស់លួចលាក់ដែលយើងរកមិនឃើញ ហើយលួចមកកាប់លក់តាមផ្សារក៏យើងមិនដឹងដោយសាររដ្ឋយើងគ្នានសំណងជួយដល់អ្នកចិញ្ចឹម ទើបកើតមានករណីលាក់ជ្រូកឈឺ លួចលក់អោយឈ្មួញយកមកកាប់យកសាច់លក់បានលុយខ្លះប្រសើរជាងយកទៅកំទេចចោល។នេះជាបញ្ហាប្រឈមពិបាកដោះស្រាយ។ខុសពីវៀតណាមដែលរដ្ឋគេជួយសងដល់អ្នកចិញ្ចឹមខ្លះៗ។

ទោះជាយ៉ាងណាក៏លោកផាន់ណារ៉ាបានបញ្ជាក់ថាពេទ្យសត្វយើងនៅគ្រប់ខេត្តនៅតែបន្តឃ្លាំមើលតាមដានគ្រប់សភាពការណ៍ និងឈរជើងមើលជ្រូកតាមកុងស៊ីមិនអោយជ្រូកកើតជំងឺនេះចូលមកកាប់លក់ឡើយ។គាត់ថាទីផ្សារសាច់ជ្រូកងើបបានពី70ទៅ80%ហើយមកដល់ពេលនេះ។

 

មតិ