អយស្ទ័រសមុទ្រជួយដល់អ្នកឃុំកោះតូចឱ្យមានជីវភាពធូរធារនិងកាត់បន្ថយចំណាកស្រុក

កំពតៈ អ្នកចំណាយដើមទុនទិញលក់បន្ត ទាំងអ្នកប្រើកម្លាំងក្នុងការគាស់បកអយស្ទ័រសមុទ្រតែងទទួលបានប្រាក់ចំណូលប្រចាំថ្ងៃដែលជាផ្នែកមួយបង្កឱ្យជីវភាពប្រជាពលរដ្ឋឃុំកោះតូចមានភាពធូរធារមិនចាំបាច់ចំណាកស្រុក។

អ្នកស្រីស៊ីម ពិសិដ្ឋ មានទីលំនៅក្នុងភូមិព្រែកអម្ពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពតបានរៀបរាប់ថាអ្នកស្រីប្រកបរបរលក់អយស្ទ័រសមុទ្ររយៈពេលប្រាំឆ្នាំមកហើយ ក្នុងថ្ងៃធម្មតា បើអាកាសធាតុអំណោយផលល្អ អ្នកស្រីប្រមូលទិញអយស្ទ័រពីអ្នកនេសាទបានប្រមាណមួយម៉ឺនគ្រាប់ ប៉ុន្តែបើផ្ទៃមេឃអួរអាប់ ភ្លៀងខ្យល់អាចបានត្រឹមប្រាំពាន់គ្រាប់ប៉ុណ្ណោះ។

អ្នកស្រីបានបញ្ជាក់ថាសម្រាប់ការងារអាជីវកម្មនេះ អ្នកស្រីបានជួលអ្នកភូមិដើម្បីគាស់បក លាងសម្អាត វេចខ្ចប់អយស្ទ័រជិតជាង១០នាក់ដែលត្រូវចំណាយពី៥០ម៉ឺនរៀលទៅ៦០ម៉ឺនរៀលក្នុងមួយថ្ងៃ ចំណែកទឹកប្រាក់ដែលលក់បានប្រហែលមួយលានហាសិបម៉ឺនរៀល។

អយស្ទ័រពេញនិយមណាស់ គឺលក់អស់ជារៀងរាល់ថ្ងៃ ដោយគេបញ្ជាទិញ រួចបញ្ជូនទៅបណ្តាខេត្តផ្សេងៗ ដូចជា រាជធានីភ្នំពេញ សៀមរាប ខេត្តព្រះសីហនុជាដើម ។

អ្នកស្រីស៊ីម ពិសិដ្ឋ បានប្រាប់ឱ្យដឹងទៀតថា អ្នកឃុំកោះតូចជាច្រើនគ្រួសារបានចាប់យកមុខរបរនេះធ្វើឱ្យការរកអយស្ទ័រសមុទ្រកាន់តែពិបាកព្រោះពីមួយថ្ងៃទៅមួយថ្ងៃអយស្ទ័រមានបរិមាណថយចុះជាលំដាប់។

កញ្ញា ចាន់ ឌី អ្នកភូមិព្រែកអម្ពិល ឃុំកោះតូចបានរៀបរាប់ដែរថាជារៀងរាល់ថ្ងៃនាងតែងគាស់បក សម្អាត និងច្រកអយស៊្ទរមិនដែលអាក់ខានទេ ការងារនេះទទួលប្រាក់កម្រៃអាស្រ័យលើចំនួនដែលធ្វើបានដោយក្នុងមួយគ្រាប់៣០រៀល។

ថ្ងៃខ្លះអាចធ្វើបានពីរពាន់គ្រាប់ តែថ្ងៃខ្លះបានត្រឹមជាងមួយពាន់គ្រាប់តាមចំនួនដែលថៅកែប្រមូលទិញបាន។

អ្នកបកអយស្ទ័រដដែលបានបញ្ជាក់ថាការបកគាស់លាងសម្អាត និងវេចខ្ជប់អយស្ទ័រធ្វើឱ្យចុករោយខ្លួនប្រាណមែន ប៉ុន្តែក៏សប្បាយដែរព្រោះធ្វើបណ្តើរអាចជជែកគ្នាលេងបណ្តើរ ម្យ៉ាងទៀតមិនចាំបាច់ទៅរកការងារធ្វើនៅឆ្ងាយពីផ្ទះផង៕

 

មតិ