ក្រសួងគ្រោងបង្កើតសៀវភៅរាយមុខម្ហូបខ្មែរ ចិន អឺរ៉ុបសំខាន់ៗបំរើអោយសេវាកម្មភោជ្ជនីយដ្នានកុំអោយភ្ញៀវកុំម្ម៉ង់ខុស

ភ្នំពេញ៖ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើសេចក្តីព្រាងចងក្រងសៀវភៅរាយនាមមុខម្ហូបខ្មែរ ចិននិងអឺរ៉ុបសំខាន់ៗ( សន្ទានុក្រមមុខម្ហូប) នៅទីស្តីការក្រសួងកាលពីថ្ងៃទី២៩ខែសីហានេះ ដោយមានការចូលរួមពីលោក Zhong Jifa លេខាទី១ របស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងមានការចូលរួមពីសំណាក់ តំណាងវិទ្យាស្ថានខុងជឺនៃរាជ្យបណ្ឌិតសភាកម្ពុជា តំណាងសមាគមចុងភៅកម្ពុជា សមាគមភោជនីយដ្ឋាន សមាគមសណ្ឋាគារ មូលដ្ឋានអាជីវកម្មទេសចរណ៍ តំណាងសាលាបណ្តុះបណ្តាលជំនាញទេសចរណ៍ និងអ្នកជំនាញ និងសាស្រ្តាចារ្យដែលជាសមាជិកបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍ ជាច្រើននាក់។

កិច្ចប្រជុំបច្ចេកទេសនេះរៀបចំឡើងដើម្បីពិភាក្សា និង ទទួលបាននូវធាតុបញ្ចូលថ្មីៗ បន្ថែមសំដៅឈានដល់ការរៀបចំឱ្យមាន “សន្ទានុក្រមមុខម្ហូបពិសេសៗ” មួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយដើម្បីជួយសម្រួលដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបម្រើសេវាម្ហូបអាហារ និងភេសជ្ជៈ ជាពិសេសសេវាម្ហូបអាហារចិន មានឯកសារជាមូលដ្ឋាន ក្នុងចងក្រងបញ្ជីរាយនាមមុខម្ហូបអាហារ និងភេសជ្ជៈដាក់ឈ្មោះឱ្យបានត្រូវ។

សន្ទានុក្រមមុខម្ហូបសំខាន់ៗ ដែលនឹងផ្សព្វផ្សាយជាផ្លូវការនាពេលខាងមុខនេះ មានខ្លឺមសារជា ៣ ភាសាមានជាអាទិ៍ ភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស និងបន្តធ្វើបច្ចុប្បន្នភាពមុខម្ហូបថ្មីៗ បន្ថែមទៀតទៅតាមការវិវត្តន៍សង្គម និងការរីកចម្រើននៃវិស័យម្ហូបអាហារ និងភេសជ្ជៈផងដែរ។

លោកមាន វណ្ណដេតប្រធានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍បានអោយដឹងថាយើងចងក្រងធ្វើសៀវភៅនេះគឺដើម្បីដាក់ឈ្មោះមុខម្ហូបនីមួយៗមិនថាមុខម្ហូបខ្មែរ មុខម្ហូបចិនឫម្ហូបអឺរ៉ុបទេត្រូវដាក់ឈ្មោះអោយត្រូវ កុំអោយខុស ងាយស្រួលភ្ញៀវគេកុំម្ម៉ង់កុំអោយខុស។

ពិសេសមុខម្ហូបចិនច្រើនរាប់រយមុខដែលកន្លងមកភ្ញៀវតែងច្រឡំចង់បានមុខម្ហូបនេះ ចុងភៅបែរជាធ្វើមុខម្ហូបនោះទៅវិញ បើយើងចងក្រងបានជាសៀវភៅត្រឹមត្រូវហើយ ហាក់ដូចបានបង្កើតជាវចនានុក្រមមុខម្ហូបនិងភេសជ្ជៈសំរាប់បំរើអោយឩស្សាហកម្មភោជ្ជនីយដ្ឋានមានលក្ខណៈស្តង់ដារ បំរើមុខម្ហូបមានគុណភាពកុំអោយភ្ញៀវខកចិត្ត ពេលបរិភោគនៅស្រុកយើងម្តងៗ៕

 

មតិ