រហាត់ទឹកដែលមានប្រវត្តិតាំងពីទសវត្សទី៦០ នឹងធ្វើការជួសជុលឡើងវិញឆាប់ៗនេះ

សៀមរាប: រហាត់ទឹកឈើដ៏ធំដែលជាអត្តសញ្ញាណមួយ របស់ខេត្តសៀមរាប ស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវ ក្នុងឧទ្យានអង្គរ នឹងត្រូវរៀបចំពិធីក្រុងពលីជួសជុលឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ នេះបើតាមការបញ្ជាក់អោយដឹងពី អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ។

មន្ត្រី អាជ្ញាធរជាតិអប្សរា បាននិយាយថា បច្ចុប្បន្ន រហាត់ទឹកនេះសល់តែរូបរាង តែមានសភាពពុកផុយនិងខូចខាតធ្ងន់ធ្ងរមិនអាចដំណើរការបានឡើយ ដោយមើលឃើញពីតម្លៃដ៏មានសារៈសំខាន់ក្នុងការថែរក្សាអត្តសញ្ញាណរបស់ខេត្តសៀមរាប ក៏ដូចជាការផ្តល់នូវតួនាទីដល់រហាត់ទឹកនេះឡើងវិញ។

មន្ត្រីដដែលបានបញ្ជាក់ថា តាមរយៈព្រះតេជគុណ ព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា បានទទួលជំនួយសប្បុរសពីលោកស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ នូវទឹកប្រាក់ចំនួន៩ម៉ឺនដុល្លារអាមេរិកដើម្បីជួសជុលរហាត់ទឹកនេះឡើងវិញ។

ចំពោះបច្ចេកទេសនៃការជួសជុលនឹងធ្វើឡើងតាមបច្ចេកទេសទំនើប ប៉ុន្តែរក្សានូវរចនាបទបុរាណ ដែលជាកេរមរតកដូនតា និងរក្សាបានទាំងស្រុងនូវរូបភាពដើមរបស់រហាត់។

ក្រៅតែពីការជួសជុលរហាត់ អាជ្ញាធរជាតិអប្សរាក៏នឹងរៀបចំច្រាំង និងសួនច្បារអមសងខាងជណ្តើរដើម្បី បន្ថែមសោភណ្ឌភាពស្រស់បំព្រងអាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា បានស្គាល់ និងបានដឹងច្បាស់ពីគុណតម្លៃវប្បធម៌ជាតិខ្មែរ៕

 

 

មតិ