ទីផ្សារសាច់ជ្រូកងើបបន្តិចពេលសែនក្បាលទឹកនិងក្រោយសែន

ភ្នំពេញៈទីផ្សារសាច់ជ្រូកទូទៅមានការងើបឡើងបន្តិចហើយចាប់ពីសែនក្បាលទឹកមកដល់ពេលនេះ មានន័យថាអតិថិជនបានត្រឡប់មកទិញសាច់ជ្រូកបរិភោគឡើងវិញជាបណ្តើរៗហើយ នេះបើតាមការអោយដឹងពីលោកស៊្រុន ពៅប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាប្រាប់រស្មីកម្ពុជាកាលពីថ្មីៗនេះ។

លោកបញ្ជាក់ទៀតថាឥឡូវនេះជ្រូកកាប់បំរើទីផ្សារបានប្រមាណ៣000ក្បាលក្នុងមួយថ្ងៃ ខុសពីមុនផ្ទុះជំងឺជ្រូកប៉េស្ត៍អាហ្រ្វីកនៅកម្ពុជាដែលកាប់អស់ប្រមាណ៧000ក្បាលក្នុងមួយថ្ងៃតម្លៃទីផ្សារ។

ចំណែកឥទ្ធិពលនៃជំងឺនេះមកដល់ពេលនេះលោកប្រធានសមាគមបានវាយតម្លៃថាហាក់ដូចជានៅទ្រឹង មិនដឹងរសាត់ រលាយអស់នៅទីណាទេ។

លោកអុល ដូរិនប្រធានការិយាល័យពេទ្យសត្វខេត្តកណ្តាលបានអោយដឹងនៅថ្ងៃនេះថាជំងឺនេះបានបាត់ស្ងាត់ជាង១0ថ្ងៃហើយ មិនមានរីករាលដាលពីកន្លែងមួយទៅកន្លែងមួយទៀតទេពីព្រោះយើងតាមឃ្លាំមើលជាប្រចាំ បើសិនជាមានកើតនៅជ្រូករបស់ប្រជាជនណាយើងសុំគាត់យកទៅកំទេចចោល។

លោកពៅបានលើកឡើងថាជ្រូកមកពីថៃអត់មាននាំមកចូលទីផ្សារយើងទៀតទេ ដោយសារជ្រូកក្នុងស្រុកនៅសល់ច្រើនអាចតម្រូវការផ្តល់អោយទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ដូច្នេះមិនបាច់អោយជ្រូកថៃចូលមកទេ។

តែកំពុងព្រួយបារម្មណ៍ទៅលើជំងឺនេះអាចពេលណាមួយឆ្លងដល់ថៃជាមិនខាន ហើយការនាំជ្រូកថៃចូលមកវិញ ដូចនាំជំងឺនេះមកជាថ្មីម្តងទៀត ពីព្រោះរឿងនាំជ្រូកចូលមកពីប្រទេសជិតខាងនេះមិនអាចជៀសផុតទេ។

មកដល់ពេលនេះគ្មានមន្ត្រីគ្រប់គ្រងផលិតកម្មសត្វ សុខភាពសត្វណាហ៊ានលើកឡើងពីការខាតបង់សេដ្ឋកិច្ចដែលចេញមកពីការចិញ្ចឹមជ្រូករបស់សហគ្រាសខ្នាតតូចនិងមធ្យមដោយសារការផ្ទុះជំងឺនេះកន្លងមកទេ។

មតិ