បេក្ខជនប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ នៅខេត្តព្រះសីហនុឆ្នាំនេះមានសំណាង !

ដោយះវណ្ណះ/
ព្រះសីហនុះ បេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះនៅខេត្តព្រះសីហនុ មានសំណាងមួយកម្រឹត ដោយរដ្ឋបាលខេត្តព្រះសីហនុ ចេញថ្លៃស្នាក់នៅ ថ្លៃផ្ញើរ យានជំនិះ និងថ្លៃហូបចុក មួយថ្ងៃ៣ពេលទៀត នេះពិតជាសំណាងមែនហើយ។

លិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩មានចុះហត្ថលេខាដោយ ឯកឧត្ត គួច ចំរើន អភិបាលខេត្ត ដែលរស្មីកម្ពុជា បានទទួលនៅវេលាល្ងាចថ្ងៃដដែល មានខ្លឹមសារដូចខាងក្រោមនេះ

រដ្ឋបាលខេត្តសូមជូនដំណឹងដល់ មាតា បិតា អាណាព្យាបាល និងបេក្ខជន ប្រឡងសញ្ញាបត្រ ទុតិយភូមិ សមយ័ប្រឡង ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩ នេះក្នុងគោលបំណងជួយសម្រាលដល់ក្តីលំបាកនិងបញ្ហាប្រឈមរបស់ មាតា បិតា អាណាព្យាបាលនិងក្មួយៗ ដែលជាបេក្ខជនមកពីឆ្ងាយៗ ដូចជា មកពីស្រុកព្រៃនប់ ស្រុកកំពង់សិលា និងស្រុកស្ទឹងហាវ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការហូបចុក ស្នាក់នៅ អំឡុងពេល ប្រឡង រដ្ឋបាលខេត្តបានរៀបចំកន្លែងស្នាក់នៅ និងអាហារបីពេលក្នុងមួយថ្ងៃ ។

សម្រាប់បេក្ខជន មកពី វិទ្យាលយ័ ហ៊ុនសែនកំពង់សិលា និងវិទ្យាលយ័ហ៊ុនសែនកែវផុស ស្នាក់នៅ ផ្ទះសំណាក់ឡេងទ្រី ស្ថិតក្នុងស្រុកព្រៃនប់ ។

ចំពោះបេក្ខជនមកពីវិទ្យាលយ័ ហ៊ុនសែន ស្ទឹងហាវ និងវិទ្យាលយ័ ហ៊ុនសែនស្មាច់ដែង ត្រូវស្នាក់នៅនិងទទួលអាហារបីពេល នៅ ផ្ទះសំណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហម ស្ថិតក្នុងក្រុងព្រះសីហនុ។

ដោយឡែកចំពោះការផ្ញើរ យានជំនិះ របស់បេក្ខជននៅគ្រប់មណ្ឌលប្រឡង រដ្ឋបាលខេត្តជាអ្នកទទួលរ៉ាប់រង លើការចំណាយទាំងស្រុង ។

ខាងលើនេះជា ភព្វ័សំណាងដ៏ធំមួយសម្រាប់ បេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ដែលផ្តល់ឲ្យដោយឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ។

ជាមួយគ្នានេះ មាតាបិតានិងអាណាព្យាបាល បេក្ខជនសូមថ្លែងអំណអរគុណ យ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងក៏សូមជូនពរដល់សម្តេចតេជោ ហ៊ុនសែន និងសម្តេច កិតិព្រឹត្តបណ្ឌិត ប៊ុន រ៉ាន្នី ហ៊ុនសែន ឲ្យមានសុខភាពល្អ អាយុយឺនយូ ដើម្បីដឹកនាំប្រទេសជាតិ ដ៏យូអង្វែងបន្តរទៀតផងដែរ ៕

 

មតិ