មន្ត្រីនគរបាលជាតិ ខេត្តមណ្ឌលគិរីប្រមាណជិត២០០នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខដំណែង និងបំពាក់ឋានន្តរសក្កិ

ដោយ៖ប៊ូស្រា/
ខេត្តមណ្ឌលគិរី៖ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីប្រមាណជិត២០០នាក់ ត្រូវបានប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរសក្កិ នៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩។

ពិធីនេះប្រព្រឹត្តទៅ ក្រោមវត្តមានលោក ឧត្តមសេនីយ៍ឯក ហាវ ចាន់សុទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ និងលោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី ។

លោក ឧត្តមសេនីយ៍ឯក ហាវ ចាន់សុទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការបំពាក់ឋានន្តរសក្តិ ផ្ទេរភារៈកិច្ចនៅពេលនេះ គឺធ្វើឡើងទៅតាមច្បាប់ស្តីពីលក្ខន្តិករបស់មន្រ្តីនគរបាលជាតិ ដែល បានរៀបចំតាក់តែងឡើងក្នុងការលើកទឹកចិត្តដល់មន្ត្រីនគរបាលដែលមានស្នាដៃ ក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់ ជួនប្រជាពលរដ្ឋ និងសង្គមជាតិ ។

លោកឧត្តមសេនីយ៍ឯកបានបន្ថែមថា ដូច្នេះមន្ត្រីនគរបាលដែលទើបតែងតាំងថ្មីទាំងអស់ ត្រូវតែខិតខំបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ ត្រូវមានសាមគ្គីផ្ទៃក្នុងនឹងបន្តទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត មិនតែប៉ុណ្ណោះត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងរដូវមានចំនួនទឹកភ្លៀង ហាមដាច់ខាតមិនអោយយកកំលាំងសមត្ថកិច្ចទៅប្រចាំការនៅទីកន្លែងបុគ្គលឯកជន ហាមដាច់ខាតយកមធ្យោបាយអង្គភាពរដ្ឋទៅបំរើបុគ្គលឯកជន។

បើតាមការបញ្ជាក់ពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានអោយដឹងថា មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលប្រកាសផ្ទេរភារកិច្ចតែងតាំងមុខដំណែងថ្មី និង បំពាក់ឋានន្តរស័ក្តិ មានចំនួន១៧៤នាក់ ក្នុងនោះប្រកាសផ្ទេរភារកិច្ចចំនួន៣៤នាក់ តែងតាំងមុខតំណែងថ្មី ចំនួន២៧នាក់ និងតម្លើងឋានន្តរស័ក្កិចំនួន ១១៣នាក់ រួមមានថ្នាក់ វរសេនីយ៍ទោ ចំនួន ២៥នាក់ វរសេនីយ៍ត្រីចំនួន៣១នាក់ អនុសេនីយ៍ឯកចំនួន ២០នាក់អនុសេនីយ៍ទោចំនួន១២នាក់ អនុសេនីយ៍ត្រី១៨នាក់ ព្រិលបាលឯកចំនួន០៥ និងព្រិលបាលទោចំនួន ០២នាក់៕

 

មតិ