មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបទទួលវត្ថុបុរាណ មាន ព្រះកេសព្រះឥសូរ និង បំណែកក្បាច់លំអចុងហោជាង ដើម្បីយកទៅគ្រប់គ្រងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ

សៀមរាប: កាលពី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមដំណើរជាមួយ ដោយមន្ត្រីការិយាល័យបេតិកភណ្ឌ នគរបាលការិយាល័យបេតិកភណ្ឌខេត្ត និងមន្ត្រីការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈ ស្រុកប្រាសាទបាគង ខេត្តសៀមរាបទទួលវត្ថុបុរាណ មាន ព្រះកេសព្រះឥសូរ និង បំណែកក្បាច់លំអចុងហោជាង ដើម្បីយកទៅគ្រប់គ្រងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ។

លោក មួន សុភាព បាននិយាយថា វត្ថុបុរាណដែលបានទទួលនាពេលនេះគឺជារូប ព្រះកេសព្រះឥសូរ និង បំណែកក្បាច់លំអចុងហោជាង ត្រូវបាន លោក ហ៊ុប ហ៊ុង និង លោកស្រី រស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រគល់វត្ថុបុរាណអោយអាជ្ញាធរយកមកគ្រប់គ្រងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ។

លោកបានបន្តថា រូបលោកសូមធ្វើការកោតសរសើរដល់
លោក ហ៊ុប ហ៊ុង និង លោកស្រី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារថែរក្សា និង អភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ។

ជាមួយគ្នានោះ លោក មួន សុភាព បាននាំយកនូវលិខិតថ្លែងអំណរគុណ និងថវិកាចំនួន ២០០.០០០រៀល របស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនលោក ហ៊ុប ហ៊ុង ដើម្បីលើកទឹកដល់គ្រួសារគាត់៕

រូបភាព: មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបទទួលវត្ថុបុរាណ មាន ព្រះកេសព្រះឥសូរ និង បំណែកក្បាច់លំអចុងហោជាង ដើម្បីយកទៅគ្រប់គ្រងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ៕

 

មតិ