ពលរដ្ឋកោះកុង១០០នាក់ ទទួលការព្យាបាលជម្ងឺក្រពះ និងពោះវៀនឥតគិតថ្លៃ

ប្រភពះ (រស្មីកម្ពុជា)
កោះកុង៖ ប្រជាពលរដ្ឋដែលមានជម្ងឺប្រព័ន្ធរំលាយអាហារក្រពះ និងពោះវៀន ទទួលបានការពិនិត្យ និងព្យាបាល ពីក្រុមគ្រូពេទ្យថាំម៉ាសាទ មកពីទីក្រុងបាងកក ប្រទេសថៃ ដោយមិនគិតថ្លៃ ក្រោមកិច្ចសហការរវាងមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យស្រុកខ្លងយ៉ៃ។

និយាយបានថា ជាលើកដំបូងហើយ ដែលប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុង ទទួលសេវាពិនិត្យ និងព្យាបាល ជម្ងឺរលាកក្រពះ និងពោះវៀនមិនបង់ថ្លៃពីក្រុមគ្រូពេទ្យជំនាញមកពីប្រទេសថៃ ខណៈសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនធំ មានបញ្ហាជម្ងឺរលាកប្រព័ន្ធរំលាយអាហារ និងត្រូវការថវិកាចំណាយច្រើន ដើម្បីព្យាបាល។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានលើកឡើងថា តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបផ្នែកវេជ្ជសាស្រ្ត និងគ្រូពេទ្យមានជំនាញ អាចជួយផ្តល់សេវាពិនិត្យ និងព្យាបាលជម្ងឺក្រពះ ពោះវៀន ជូនពលរដ្ឋបានយ៉ាងល្អប្រសើរ ក្រោមកិច្ចសហការរបស់មន្ទីរទៅភាគីថៃ។

ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ពន្យល់ថា ករណីមេរោគដែលសង្ស័យថាជាជម្ងឺមហារីកក្នុងក្រពះ ឬពោះ វៀន ក្រុមគ្រូពេទ្យនឹងយកទៅពិសោធន៍បន្តនៅមន្ទីរពេទ្យថាំម៉ាសាទ ក្រោយពីដឹងលទ្ធផលរោគវិនិច្ឆ័យរួចរាល់បញ្ជូនមន្ទីរពេទ្យបង្អែកខេត្តវិញ ដើម្បីផ្តល់ថ្នាំព្យាបាល។

បេសកម្មទទួលពិនិត្យ និងព្យាបាលជម្ងឺក្រពះ ពោះវៀន ក្រុមគ្រូពេទ្យថៃ នឹងជ្រើសរើសយកអ្នកជម្ងឺចំនួន១០០នាក់ មានរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

បើតាមលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ការជម្ងឺប្រព័ន្ធរំលាយអាហារក្រពះ និងពោះវៀន បង្កឡើងដោយមេរោគម៉្យាងដែលលាក់មុខ ការប្រើប្រាស់ថ្នាំសរសៃរខុស របៀបអាហារ និងរលាកដោយខ្លួនឯង ដែលចាំបាច់ត្រូវព្យាបាលអោយបានទាន់ពេលវេលា ជៀសវាងបណ្តាលឱ្យអាការៈធ្ងន់ធ្ងនទៅជាជម្ងឺមហារីក។

ចំណែកឯកញ្ញា Sirada Wongwanwatna ប្រធានមន្ទីរពេទ្យបង្អែកស្រុកខ្លងយ៉ៃ ខេត្តត្រាត បានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញចំនួន៧នាក់ និងបុគ្គលិក២០នាក់ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការពិនិត្យ និងព្យាបាលជម្ងឺប្រព័ន្ធ រំលាយអាហារជូនពលរដ្ឋកោះកុងបានជាសះស្បើយ។

កញ្ញា Wongwanwatna បន្ថែមថា នាងពិតរីករាយចំពោះបេកសម្មមនុស្សធម៌ផ្នែកសុខាភិបាលនេះ ធ្វើឡើងក្នុងគោលបំណងជួយលើកកម្ពស់សុខុមាលភាពសាធារណៈ គ្រាពួកគាត់មានផលវិបាក ព្រោះតែការជម្ងឺក្រពះ និងពោះវៀនយូរឆ្នាំ។

បើមានឱកាសលើកក្រោយទៀត កញ្ញានឹងស្នើសុំកិច្ចពីក្រុមគ្រូពេទ្យថៃដ៏ទៃចុះមកពិនិត្យ និងព្យាបាលជម្ងឺជូនពលរដ្ឋកោះកុងជាថ្មី។

អ្នកស្រី ស៊ុន ម៉ាលី និងលោក មិត មឺុន ជាអ្នកជម្ងឺក្រពះ និងពោះវៀនយូរឆ្នាំមកហើយ អះអាងពីផលលំបាកជម្ងឺស្រដៀងគ្នាថា ពួកគាត់ ពិតជាលំបាកទ្រាំទ្រនឹងជម្ងឺទាំងនោះណាស់ដែលវាកើតមាន៣ទៅ៤ឆ្នាំមកហើយ ទោះបីជាខិតខំទៅព្យាបាលនៅមន្ទីរពេទ្យមួយចំនួនក៏ដោយក៏មិនជាដាច់ដែរ។

ក្រោយពីដឹងព័ត៌មានថា មានក្រុមគ្រូពេទ្យ ថៃចុះពិនិត្យព្យាបាលជម្ងឺដែលពួកគាត់កំពងកើតមាន ទើបប្រញាប់មកអោយក្រុមគ្រូពេទ្យថៃជួយព្យាបាល។

ក្រុមអ្នកជម្ងឺ បន្ថែមថា ការជម្ងឺក្រពះ និងពោះវៀន បង្កការរំខានដល់ការរស់នៅ និង ស្វែងប្រាក់ចំណូចចិញ្ចឹមជីវភាពប្រចាំថ្ងៃ។

ថ្ងៃខ្លះទៅ លមូល ក្តៅក្រហាយក្នុងខ្លួនមិនដឹងមូលហេតុក៏មានដែរ ខ្លះក្អករាកជាដើម។

កន្លងទៅ មន្ទីរពេទ្យបង្អែកខេត្តកោះកុង តែងមានកម្មវិធីទទួលពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិផ្នែកសុខាភិបាលរវាងសមាគម និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រៅប្រទេស ដើម្បីជួយសង្រ្គោះជម្ងឺផ្សេងៗកំពុងតម្រូវការ ខណៈពលរដ្ឋក្នុងមូលដ្ឋានមានជីវភាពក្រីក្រ៕

 

 

មតិ