
សៀមរាបៈ ស្ថានភាពគ្រុនឈាមនៅកម្ពុជា មិនមានសន្ទុះកើនឡើងទៀតទេ ហើយរំពឹងទុកថា រយៈពេល២សប្តាហ៍ខាងមុខ ស្ថានភាពគ្រុនឈាមនឹងថយចុះនៅក្នុងសប្តាហ៍នេះ។
នេះគឺជាការបញ្ជាក់អោយដឹងពីលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ និង តាមដានមើលស្ថានភាពនៃជំងឺគ្រុនឈាម នៅមន្ទីរពេទ្យកុមារជ័យវរ័្មនទី៧ និងនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
លោក យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យកុមារជ័យវរ័្មនទី៧ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដានេះ សរុបអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជ័យវរ័្មនទី៧ មានចំនួន ១.៨៩៦នាក់ ក្នុងនេះផ្នែកសម្ភព ទទួលស្រ្តីមកពិនិត្យផ្ទៃពោះ និងសម្រាលកូនមានចំនួន ២២៧នាក់ , ផ្នែកជំងឺកុមារមានចំនួន ១.៦៦៩នាក់ ហើយក្នុងចំនួនកុមារកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១.៦៦៩នាក់នេះ មានចំនួន៣៦៩នាក់ ជាកុមារទទួលរងដោយជំងឺគ្រុនឈាម គឺស្មើនឹងអត្រា ២០ភាគរយ នៃជំងឺទូទៅរបស់កុមារ ។
លោកបានបន្តថា ក្នុងចំនួនកុមារគ្រុនឈាម ៣៦៩នាក់ មាន១០ករណី ជាកុមារមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ដែលមន្ទីរពេទ្យត្រូវបានជួយសង្គ្រោះ ហើយក្នុងស្ថានភាពថ្មីនេះ ជំងឺគ្រុនឈាមមានការថយចុះ ដែលប៉ុន្មានសប្តាហ៍មុន អត្រានៃកុមារមានជំងឺគ្រុនឈាម ដែលបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជ័យវរ័្មនទី៧ គឺស្មើនឹង ៣០ភាគរយ នៃជម្ងឺទូទៅរបស់កុមារ ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ផ្ទុះឡើងនៃជំងឺគ្រុនឈាមនេះ មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទទួលបន្ទុកបំរើសេវាព្យាបាលដ៏មានប្រសិទ្ធភាព ក្នុងនេះមូលនិធិគន្ធបុប្ផា ត្រូវបានស្ថិតក្នុងបុព្វហេតុចម្បងនៃការជួយសង្គ្រោះជីវិតកុមារកម្ពុជា។
លោកបានបន្តថា ការផ្ទុះឡើងនៃជំងឺគ្រុនឈាមក្នុងឆ្នាំ២០១៩នេះ បើពុំមានការបណ្តុះបណ្តាលគ្រូពេទ្យជំនាញបំរើសេវាសុខាភិបាលសាធារណៈនៅតាមបណ្តាមូលដ្ឋានទេនោះ ការប្រយុទ្ធជាមួយស្ថានភាពនោះ ពិតជាមានការលំបាកខ្លាំង ព្រោះមន្ទីរពេទ្យបង្អែក មន្ទីរពេទ្យស្រុកប្រតិបត្តិ និង មណ្ឌលសុខភាពនានា បានចូលរួមធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការបំរើសេវាព្យាបាលជូនប្រជាពលរដ្ឋ ហើយបើតាមរបាយការណ៍ប្រធានមន្ទីរពេទ្យកុមារជ័យវរ័្មនទី៧។
លោកបានបន្តទៀតថា ជំងឺគ្រុនឈាមដែលផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា កំពុងស្រកចុះទៅវិញជាបណ្តើរៗហើយ ក៏ប៉ុន្តែស្ថានភាពនេះវាមិនទាន់ឃ្លាតឆ្ងាយពីការខិតខំប្រឹងប្រែងរបស់គ្រូពេទ្យជំនាញនៅឡើយនោះទេ ដែលត្រូវបានបន្ថែមម៉ោងបំពេញភារកិច្ចរបស់ខ្លួន និងមិនទាន់បានចាកចេញពីក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនោះឡើយ ដែលតម្រូវឲ្យមានការចូលរួមសហការជាមួយផ្នែកពាក់ព័ន្ធ និងប្រើប្រាស់វិធានការ លុបបំបាត់ជម្រកមូសខ្លាជាបន្តទៀត៕