យុវជន គង់ រ៉ៃយ៉ា ត្រូវបានតុលាការចោទពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដូចករណីប្រកាសធ្វើបដិវត្តពណ៌ លើកមុនដែរ

ភ្នំពេញ៖លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា នេះ សម្រេចចោទប្រកាន់យុវជន គង់ រ៉ៃយ៉ា ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីប្រកាសលក់អាវយឺតមានរូបលោកបណ្ឌិត កែម ឡី ដែលមានខ្លឹមសារថា “បេីអ្នកមិនធ្វើអ្វីសោះក៏គង់តែរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ” ។ នេះបើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ។

បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ អ្នកតាមដានរឿងនេះ ថ្លែងថា យុវជនរូបនេះ ទំនងគេចមិនផុតពីការជាប់ពន្ធនាគារដូចលើកមុននោះទេ ។

សូមបញ្ជាក់ថា កន្លងមក យុវជន គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសរយៈពេល១ឆ្នាំ៦ខែម្តងរួចមកហើយ បទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធការប្រកាសធ្វើបដិវត្តពណ៌តាមបណ្តាញសង្គម Facebook ។

បទល្មើសញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ៕

 

មតិ