ឈើកកោះចំនួន៣២សន្លឹក ត្រូវបាននគរបាលសេដ្ឋកិច្ចខេត្តចុះបង្ក្រាបនិងរឹបអូស នៅស្រុកវើនសៃ

ដោយ /រដ្ឋា:
ខេត្តរតនគិរី÷ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអាវុធហត្ថស្រុកវើនសៃធ្វើការចុះបង្ក្រាបនិងរឹបអូសឈើប្រភេទលេខ១កកោះដែលក្រុមឈ្មួញទុច្ចរិតបានដឹកយកមកលាក់ទុកនៅក្នុងព្រៃមួយកន្លែងរង់ចាំពេលវេលាល្អនិងដឹកបន្តទៅលក់នៅប្រទេសវៀតណាម។

ការចុះបង្ក្រាបនិងរឹបអូសឈើខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ឋិតនៅត្រង់ចំណុចភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។

 

សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើដែលសមត្ថកិច្ចជំនាញបានរឹបអូសនោះជាឈើលេខ១ប្រភេទកកោះចំនួន៣២សន្លឹក ហើយមិនត្រូវបានស្គាល់ម្ចាស់ឈើនោះទេ។ ដោយយកមកគរទុកនៅក្នុងព្រៃជាយូមកហើយ ខណ:មិនបានដឹកចេញនោះ គឺសមត្ថកិច្ចជំនាញពាក់ព័ន្ធបានធ្វើការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសព្រៃឈើនៅក្នុងខេត្តរតនគិរីនេះ ដោយមានបទបញ្ជាពីគណ:បញ្ជាការឯកភាពខេត្តផងដែរ។
បច្ចុប្បន្នឈើទាំងនោះសមត្ថកិច្ចជំនាញបានដឹកជញ្ជូនយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកវើនសៃដើម្បីរង់ចាំប្រគល់ជូនទៅឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកអូរជុំចាត់ការបន្តតាមនិតិវិធី៕

 

មតិ