ខេត្តកំពត ក្នុងឆមាសទីមួយឆ្នាំ២០១៩ពិនិត្យឃើញថាផលនេសាទមានការកើនឡើង

កំពតៈ មន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានអះអាងថាក្នុងឆមាសទី១ឆ្នាំ២១០៩ ការប្រមូលផលនេសាទទូទាំងខេត្តកំពតទទួលបានប្រមាណជាងមួយម៉ឺនបីពាន់តោន។

បរិមាណនេះមានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំកន្លងទៅអាស្រ័យលើការចូលរួមការពារ និងអភិរក្សធនធានពីប្រជានេសាទសហគមន៍ ព្រមទាំងផ្នែកពាក់ព័ន្ធនានា។

លោកស សូរិន នាយខណ្ឌរដ្ឋបាលផលខេត្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានប្រាប់ឱ្យដឹងថាក្នុងឆមាសទី១នៃឆ្នាំ២០១៩ ការប្រមូលផលនេសាទទូទាំងខេត្តទទួលបាន១៣.០១៧តោន។

ក្នុងនោះ ផលនេសាទទឹកសាបមាន១.៧៩៣តោន និងផលនេសាទសមុទ្រ១១.២២៤តោន។ បរិមាណនេះមានការកើនឡើងបីភាគរយបើប្រៀបធៀបឆមាសទី១នៃឆ្នាំ២០១៨កន្លងទៅ។

លោកនាយខណ្ឌបានអះអាងថា មូលហេតុនៃការកើនឡើងដោយសារកត្តាជាច្រើនដូចជា ការចូលរួមការពារធនធានជលផលពីសហគមន៍ នេសាទ និងអាជ្ញាធរមូលដ្ឋាន ពិសេសមន្ត្រីជំនាញដែលបានចុះការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជាប្រចាំ ព្រមទាំងបានរៀបចំតំបន់ការពារ តំបន់អភិរក្សស្មៅសមុទ្រ ផ្កាថ្ម ការដាំព្រៃកោងកាងឡើងវិញដោយមានកិច្ចចូលរួមសហការពីផ្នែកពាក់ព័ន្ធនានា។

លើសពីនេះ ខណ្ឌរដ្ឋបាលជលផលបានជំរុញឱ្យបង្កើត និងបង្កើនធនាគារក្តាមនៅតាមសហគមន៍នេសាទ ក៏ដូចជាជំរុញការអភិវឌ្ឍន៍ខាងវារីវប្បកម្មជាដើម។

លោក សសូរិនបានបញ្ជាក់ថា ថ្វីបើការប្រមូលផលនេសាទក្នុងឆមាសទី១បានកើន ប៉ុន្តែបញ្ហាប្រឈមនៅតែជាឧបសគ្គសម្រាប់ប្រជានេសាទខេត្តកំពត ដូចជា ករណីព្យុះភ្លៀង ខ្យល់កន្ត្រាក់បានកើតឡើងជាញឹកញយដែលធ្វើឱ្យអ្នកប្រកបរបរនេះជួបការលំបាកដោយសារបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន៕

 

មតិ