បុរសម្នាក់ ត្រូវប៉ូលិសចាប់ខ្លួនតាមដិកាបង្គាប់ពីតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការនគរបាលស្រុកកូនមុំចុះឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ កន្លងទៅ ស្ថិតនៅក្នុងភូមិតាអង២ឃុំតាអងស្រុកកូនមុំ។


មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៥ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់លោក គង់ តាំងម៉េង ចៅក្រមជំនុំជម្រះ ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ប្រព្រឹត្តនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញាត្តិឲ្យផ្តន្ទាទោសតាមមាត្រា៤០ កថាខណ្ឌទី៤ និងមាត្រា៤៥ កថាខណ្ឌទី១ នៃច្បាប់ស្តីពីត្រួតពិនិត្យគ្រឿងញៀន។

ប៉ុន្តែរហូតមកដល់ពេលនេះ ជននេះបានរត់គេចខ្លួនបាត់ ហើយមិនទាន់ត្រូវបានអនុវត្តទោសនៅក្នុងពន្ធនាគារនៅឡើយ។

មន្ត្រីនគរបាលជំនាញបានបន្តថា ជនជាប់ចោទឈ្មោះ ស្រឿន ភស្ស ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិ៤សង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនជនជាប់ចោទទៅអយ្យកាអមសាលាដំបូងខេត្តដើម្បីយកទៅឃុំខ្លួននៅពន្ធនាគារខេត្តរតនគិរី៕

 

មតិ