កាត់ទោស​ប្រហារជីវិត​២​លើក​តែ​មិន​ស្លាប់ ឥឡូវ​បាន​សំណង​៦,៧​ពាន់​លាន​ដុង ចំពោះ​ការដាក់ទោស​ច្រឡំ​

អន្តរជាតិះ​បុរស​វៀតណាម​អាយុ​៨២​ឆ្នាំ​ម្នាក់ ត្រូវបាន​សង​ជម្ងឺ​ចិត្ត​៦,៧​ពាន់​លាន​ដុង​(២៨៧.៥០០​ដុល្លារ​)​ចំពោះ​ការចោទប្រកាន់​និង​កាត់ទោស​ប្រហារជីវិត​ខុស​។​

​ត្រា​ន់ វ៉ាន់ ថេម ត្រូវបាន​ចោទប្រកាន់ និង​កាត់ទោស​ប្រហារជីវិត​នៅ​ឆ្នាំ​១៩៧៣​និង​១៩៧៤ តែ​គាត់​ទើបតែ​ត្រូវបាន​ប្រកាសថា​ជា​ជន​គ្មាន​ទោស​នៅ​ឆ្នាំ​២០១៧​។​

​ថេម អ្នកស្រុក​យេន​ហ្វុង នៅ​ខេត្ត បាក់​និ​ញ បាន​ទទួល​សំណង​សំរាប់​រយៈពេល​២.០០០​ថ្ងៃ​ឬ​៦​ឆ្នាំ ពេលដែល​លោក​បាន​ចំណាយ​នៅក្នុង​គុក​និង​ជាង​១៤.៥៣០​ថ្ងៃ​ចាប់តាំងពី​លោក​​ត្រូវបាន​ដោះលែង​អោយ​នៅក្រៅ​ឃុំ​។​

​លោក​និង​គ្រួសារ ដំបូង​បាន​ទាមទារ​ជម្ងឺ​ចិត្ត​១៥​ពាន់​លាន​ដុង​ចំពោះ​ការដាក់ទោស​ច្រឡំ​ដែល​បាន​បំផ្លាញ​ជីវិត​របស់​លោក​ស្ទើរ​ទាំងស្រុង រួម​មាន​ការកាត់ទោស​ប្រហារជីវិត​២​ដង​ផង​។​

ក្រោយ​ការចរចា​ដ៏​យូរ គេ​បាន​យល់ព្រម​លើ​សំណង​ទាប​ជាង​ការទាមទារ​ពាក់កណ្តាល ដោយសារតែ​«​យើង​រង់ចាំ​យូរពេក​» និង​ម្យ៉ាង​លោកតា​ថេម ក៏​កាន់តែ​ចាស់​​សុខ​ភាព​កាន់តែ​ទ្រុឌទ្រោម​,​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​គ្រួសារ​លោកតា ថេម​។​

​យោង​តាម​កំណត់ហេតុ​ប៉ូលិស ថេម​និង​បងប្អូន​ជីដូនមួ​យ ឈ្មោះ​ង្វៀន ខាក់ វ៉ាន់ បាននាំគ្នា​ទៅ​ទិញ​ទំនិញ​នៅក្នុង​ខេត្ត​វិញ​ភូ កាលពី​ឆ្នាំ​១៩៧០​។​
ពួកគេ​បាន​ដេក​លក់​នៅក្នុង​តូប​​អ្នក​កាត់សក់​មួយ និង​ត្រូវ​វាយ​ប្លន់​។​វ៉ាន់​ត្រូវ​ចំ​ក្បាល​និង​ថេម​រងរបួស​ដែរ​។​វ៉ាន់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​នៅពេល​បន្ទាប់ ហើយ​ប៉ូលិស​បាន​សន្និដ្ឋានថា ថេម​បាន​ប្លន់សម្លាប់ វ៉ាន់​។​

​ក្នុង​សវនាការ​ឆ្នាំ​១៩៧៣ លោក​ថេម ត្រូវបាន​កាត់ទោស​ប្រហារជីវិត និង​ទោស​នេះ​ត្រូវ​រក្សាទុក​ដដែល​នៅ​ឆ្នាំ​១៩៧៤ តែ​ទោះជា​យ៉ាងណា ថេម​បដិសេធ​ថា​លោក​មិន​បាន​ប្រព្រឹត្ត​។​

​នៅ​ឆ្នាំ​១៩៧៦ លោក​ត្រូវបាន​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ​បន្ទាប់​ពី​បុរស​ម្នាក់​បាន​ទទួល​ស្គាល់​ថា​ខ្លួន​ជា​អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ​នេះ​។​តែ​នៅ​ឆ្នាំ​១៩៨៤ ជនសង្ស័យ​បាន​ស្លាប់​មុន​​ពេល​ត្រូវ​តុលាការ​បន្ត​សវនាការ​។​

​នៅ​ពេល​ពួក​អ្នក​ស៊ើបអង្កេត​លែង​បន្ត​ស៊ើបអង្កេត​ករណី​នេះ​និង​ទុកចោល​មិន​ដោះស្រាយ លោក​ថេមបាន​ដាក់​បណ្តឹង​នៅ​ឆ្នាំ​១៩៩៧ ទៅ​តុលាការ​ជាន់ខ្ពស់​អោយ​ពិនិត្យ​សើរើ​​ករណី​នេះ​ឡើង​វិញ តែ​មិន​មាន​អ្វី​ផ្លាស់ប្តូរ​ទេ​។​នៅ​ឆ្នាំ​២០០៤ ថេម​បាន​ដាក់​បណ្តឹង​មួយ​ទៀត ហើយ​ប៉ូលិស​បាន​ចាប់ផ្តើម​ធ្វើកា​រ​ស៊ើបអង្កេត​ថ្មី តែ​ជាង​១០​ឆ្នាំក្រោយ ពួក​អ្នក​​ស៊ើបអង្កេត​ប្រមូលបាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់ថា ថេម ជា​មនុស្ស​មិន​មាន​ទោសពៃរ៍​។​

​ក្រោយ​ពី​តុលាការ​បាន​សុំ​ទោស​ជា​សាធារណៈ នៅ​ឆ្នាំ​២០១៧ តុលាការ​ជាន់​ខ្ពស់​បាន​លុប​ចោល​រាល់​កំណត់ហេតុ​ឧក្រិដ្ឋ​ប្រឆាំង​ថេម​និង​បាន​ចាប់ផ្តើមច​រ​ចា​អំពី​សំណង​ជម្ងឺ​​ចិត្ត​៕​

 

មតិ