ប្រតិភូឡាវមកទស្សនៈកិច្ច រយៈពេល៤ថ្ងៃនៅក្រុងព្រះសីហនុនៃប្រទេសកម្ពុជា

ព្រះសីហនុ/គណៈប្រតិភូសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ធ្វេីទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៩ ។

បន្ទាប់ពីបានធ្វើទស្សនកិច្ចរាជធានីភ្នំពេញរួចមក នៅល្ងាចថ្ងៃអង្គារទី៤ ខែមិថុនា ឆ្នាំ២០១៩ គណៈប្រតិភូបានចូលជួបប្រជុំសំណេះសំណាល ជាមួយអភិបាលខេត្ដព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីសក្ដានុពល និងវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ ។

ឯកឧត្ដម សូនីសាយ ស៊ីផានដុន ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបន្ទុកសេដ្ឋកិច្ច កសិកម្ម អភិវឌ្ឍជនបទ និងសង្គមកិច្ច មានប្រសាសន៍ថា ភាគីឡាវធ្លាប់បានមកធ្វើទស្សនកិច្ច ខេត្តព្រះសីហនុ ៣ដងរួចមកហើយ តែលើកនេះឃើញថាខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿន និងបានកោតសរសើរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ថាបានធ្វើអោយខេត្តប្រែមុខមាត់យ៉ាងឆាប់រហ័ស។

ឯកឧត្ដម យន្ដ មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការគ្រប់គ្រងដឹកនាំទាក់ទាញវិនិយោគិន គឺដោយសារប្រទេសកម្ពុជា មានប្រមុខដឹកនាំដ៏ឆ្លាតវៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំ មកនូវសុខសន្ដិភាពពេញលេញ មានគោល នយោបាយច្បាស់លាស់ មានច្បាប់ការពារអ្នកវិនិយោគ សុវត្ថិភាព សន្ដិសុខល្អ មានសក្តានុពលជាច្រេីន ដែលអំណោយផលដល់ការទាក់ ទាញដល់អ្នកទេសចរណ៍ជាតិ-អន្តរជាតិ និងអ្នក វិនិយោគចម្រុះជាតិសាសន៍ ១៦ប្រទេស ក្នុងនោះអ្នកវិនិយោគចិនមានចំនួនច្រើនជាងគេ ដែលធ្វេីអោយខេត្តមានការរីកចំរេីន។

ឯកឧត្តម បន្តថាទន្ទឹមនឹងការរីកចម្រើនក៏មានការប្រឈមខ្លះដែរ នៅពេលមានអ្នកវិនិយោគមកច្រើន តែរដ្ឋបាលខេត្ត តែងតែខិតខំដោះស្រាយដោយយកច្បាប់ជាគោល និងមានការសម្រប សម្រួលខ្លះដែរតាមសភាពជាក់ស្តែង។

តាមរយៈជំនួបនេះឯកឧត្តមអភិបាលខេត្តមានរំពឹងទុកថា ភាគីទាំងពីរ នឹងកាន់តែមានទំនាក់ទំនងគ្នាល្អ និងបានស្នើភាគីឡាវជួយជម្រុញភ្ញៀវទេសចរណ៍ និងអ្នកវិនិយាគអោយមកបណ្តាក់ទុននៅខេត្តព្រះសីហនុដែរផង៕

 

 

 

មតិ