យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​យន្តហោះ​ចម្បាំង​រុស្ស៊ី​ច្រើន​គ្រឿង​ត្រូវ​បាន​ស្ទាក់​និង​ប្រដេញ​ដោយ​យន្តហោះ​អាមេរិក​នៅ​ឯនាយ​រដ្ឋ​អា​ឡា​ស្កា​

អន្តរជាតិះ(​បញ្ជាការដ្ឋាន​ការពារ​ដែនអាកាស​អាមេរិក​ភាគ​ខាងជើង បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២១​ឧសភា​ថា​យន្តហោះ​ចម្បាំង​អាមេរិក​ច្រើន​គ្រឿង​បាន​ហោះ​ស្ទាក់​និង​ប្រដេញ​យន្ត​​ហោះ​យោធា​រុស្ស៊ី​៦​គ្រឿង​នៅ​ដែនអាកាស​អន្តរជាតិ នៅ​ភាគ​ខាងលិច​នៃ​រដ្ឋ​អា​ឡា​ស្កា​(Alaska)​ហើយ​បាន​ហោះ​តាម​យន្តហោះ​ទាំងនោះ រហូតដល់​ចេញ​ផុត​ពី​តំបន់​នោះ​។​

​បញ្ជាការដ្ឋាន​នេះ​បាន​និយាយថា យន្តហោះ​រុស្ស៊ី​ទាំងនេះ គឺ​រួមបញ្ចូល​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​Tu-95 ចំនួន​២​គ្រឿង ដែល​ត្រូវបាន​ហោះ​ប្រដេញ​ដោយ​យន្តហោះ​ចម្បាំង​​អាមេរិក​F-22 ចំនួន​២​គ្រឿង​កាលពី​ថ្ងៃ​ចន្ទ ។​

​ក្រុមទី​២​នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក​Tu-95 ចំនួន​២​គ្រឿង​និង​យន្តហោះ​ចម្បាំង​Su-35 ចំនួន​២​គ្រឿង​ក៏​ត្រូវបាន​ហោះ​ប្រដេញ​ដោយ​យន្តហោះ​ចម្បាំង​អាមេរិក​F-22​ចំនួន​២​គ្រឿង​ផង​ដែរ​។​

​បញ្ជាការដ្ឋាន​ការពារ​ដែនអាកាស​អាមេរិក​នេះ​បាន​និយាយថា យន្តហោះ​ស៊ើបការណ៍​AWACS របស់​អាមេរិក បាន​តាមដាន​ប្រតិបត្តិការ​នេះ ដោយ​បន្ថែម​ថា​យន្តហោះ​រុស្ស៊ី​ទាំង​​នេះ បាន​ស្ថិតនៅក្នុង​ដែនអាកាស​អន្តរជាតិ​។

​ប៉ុន្តែ​យន្តហោះ​រុស្ស៊ី​ទាំងនេះ ត្រូវបាន​ហោះ​ប្រដេញ នៅពេល​ដែល​បាន​ហោះចូល​តំបន់​ការពារ​ដែនអាកាស​របស់​រដ្ឋ​អាឡា​ស្កា ដែល​ជា​បន្ទាត់​ដែនអាកាស​ដែល​ស្ថិតនៅ​ខាងក្រៅ​ដែន​​អាកាស​ជាតិ ប៉ុន្តែ​នៅក្នុង​ផ្លូវអាកាស​ដែល​ត្រូវ​បាន​បន្ត​ឃ្លាំ​មើល​រហូត​ដើម្បី​កាត់បន្ថយ​ពេលវេលា​ឆ្លើយតប​ក្នុងករណី​មាន​ការគំរាមកំហែង​ណាមួយ​នោះ​៕​

 

មតិ