អន្តរក្រសួងចង់ដុះក្អែលចេញម្តងលើក្រុមហ៊ុនអាកាសចរណ៍មួយ រឿងឧស្សាហ៍លុបចោល និងពន្យារពេលហោះហើរពីកងកេងទៅសៀមរាប

ភ្នំពេញ៖ នៅពេលខាងមុខ នេះគណៈកម្មការអន្តរក្រសួងដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេសដឹកនាំដោយក្រសួងទេសចរណ៍ នឹងចាត់វិធានការលើក្រុមហ៊ុនអាកាសចរណ៍ណា ពាក់ព័ន្ធនឹងបញ្ហាឧស្សាហ៍លុបចោល និងពន្យារពេលហោះហើរជារឿយៗ ដែលបង្កការរិះគន់យ៉ាងខ្លាំងសម្បើមពីសំណាក់ភ្ញៀវទេសចរ និងអ្នកដំណើរ។

បញ្ហាកង្វល់នេះត្រូវបានមន្ត្រីពាក់ពន្ធ័លើកឡើងក្នុងកិច្ចប្រជុំពេញអង្គ របស់គណៈកម្មការអន្តរក្រសួងដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក ថោង ខុន បានឱ្យដឹងថា កន្លងមក ធ្លាប់មានភ្ញៀវទេសចរ និងអ្នកដំណើរបានលើកឡើងពីការរិះគន់ដោយផ្ទាល់ និងប្រយោលចំពោះក្រុមហ៊ុនអាកាសចរណ៍មួយនៅកម្ពុជាដែលតែងតែឧស្សាហ៍លុបចោលជើងហោះហើរ ឬក៏ពន្យារពេលហោះហើរ ដោយគ្មានហេតុផលត្រឹមត្រូវ ហើយពេលខ្លះគ្មានបញ្ហាអាកាសធាតុអ្វីសោះ ក៏មានការលុបចោល ឬពន្យារពេលហោះហើរដែរ។

បញ្ហានេះធ្វើឱ្យភ្ញៀវមានការខកចិត្ត មិនសប្បាយចិត្តទាល់តែសោះ ហើយករណីនេះ មន្ត្រីថ្នាក់ដឹកនាំភាគច្រើន ក៏ដូចភ្ញៀវទេសចរ ក៏តែងបានជួបបញ្ហាជាមួយក្រុមហ៊ុនអាកាសចរណ៍មួយនេះជាញឹកញាប់ ដែលជាហេតុធ្វើឲ្យពេលខ្លះ ខកដំណើរទៅចូលរួមប្រជុំ ខកដំណើរក្នុងការតភ្ជាប់ជើងហោះហើរ ខាតបង់ពេលវេលា ហើយពេលខ្លះខូចដល់គម្រោងផែនការធំៗផងក៏មាន។

លោករដ្ឋមន្ត្រីបានប្រកាសថា នាពេលខាងមុខ គណៈកម្មការអន្តរក្រសួងនឹងកោះប្រជុំជាមួយក្រុមហ៊ុនមួយនេះ ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះ ភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីពិភាក្សា ឬក៏ចាត់វិធានការណាមួយចំពោះបញ្ហាច្រំដែលៗដែលកើតមានយូរហើយផងដែរ
ក្នុងរបាយការណ៍ដែលលើកឡើងបញ្ហាប្រឈមនិងសំណូមពរត្រូវបានបង្ហាញថាគឺក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរនេះតែម្តងដែលបង្កអោយកើតមានបញ្ហានេះនៅឯព្រលានយន្តហោះកងកេងខេត្តព្រះសីហនុ។(រស្មីកម្ពុជា)

មតិ