ខេត្តរតនគិរី/បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការត្រៀមរៀបចំខួបលើកទី១៥៦ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩

ដោយះចាន់ ពុទ្ធា/
រតនគីរីះកាកបាទក្រហមកម្ពុជាខេត្តរតនគិរី រំពឹងថានឹងមានសប្បុរសជន ចូលរួមវិភាគទានដោយស្ម័គ្រចិត្ត ក្នុងសកម្មភាពមនុស្សធម៌កើនឡើងជាងឆ្នាំ២០១៨។

ឯកឧត្ដម ថង សាវុន អភិបាល នៃ គណៈអភិបាលខេត្តរតនគិរី និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅរសៀលថ្ងៃទី៦ខែឧសភា ឆ្នាំ២០១៩បានរំពឹងថានឹងមានការចូលរួមពីបណ្តារមន្ទីរជុំវិញខេត្ត ក្រុង ស្រុក ក្រុមហ៊ុន សហគ្រាសនិងសប្បុរសជននានា មានការកើនឡើងជាឆ្នាំ២០១៨។

ឯកឧត្តមបានសម្តែងក្តីសង្ឃឹមបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការត្រៀមរៀបចំខួបលើកទី១៥៦ ទិវាពិភពលោក កាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា”។

ឯកឧត្ដម ថង សាវុនបានអំពាវនាវដល់ ក្រុមហ៊ុន សហគ្រាសនិងសប្បុរសជននានា សូមបន្តចូលរួមវិភាគទានបានគ្រប់ឬលើសចំនួនផែនការរបស់សាខាកាកបាទក្រហមខេត្ត ជាពិសេស នៅក្នុងឱកាសដែលកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានត្រៀមធ្វើអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោក កាកបាទក្រហម-អឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ ២០១៩ខាងមុខនេះ។

ខេត្តរតនគិរី គ្រោងធ្វើឡើងនៅថ្ងៃទី១០ខែឧសភាឆ្នាំ២០១៩ខាងមុខនេះនៅសាលមហោស្រព សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត។

ឯកឧត្ដម ថង សាវុន បានណែនាំដល់សមាជិក គណៈកម្មការគ្រប់យន្ដការទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចតាមអនុគណកម្មការនីមួយៗដើម្បីអោយការប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សូមបញ្ជាក់ផងដែរថា ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហមកាលពីឆ្នាំ២០១៨ មានការចូលរួមពីបណ្តារ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក បណ្តារក្រុមហ៊ុន សហគ្រាស និងសប្បុរសជននានា ក្នុងការងារមនុស្សធម៌ បានចំណូលវិភាគទានបានជាង៥ ម៉ឺនដុល្លារ៕

 

មតិ