ត្រីរាប់សិបតោនបានងាប់ដោយសារទឹកក្តៅនិងខ្យល់កន្ត្រាក់បឹងទន្លេសាប

ភ្នំពេញៈចាប់ពីថ្ងៃទី២៩ខែមេសាដល់ថ្ងៃទី០១ខែឧសភាឆ្នាំ២០១៩ មានករ​ណីត្រីច្រើនប្រភេទប្រមាណជា៣០តោននៅទន្លេឆ្មារ និង តំបន់ផាត់សណ្តាយ​នៃ​បឹង​ទន្លេសាបក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយបានងាប់ដោយសារទឹកឡើងកម្តៅ​និងខ្យល់កន្ត្រាក់បោកបក់ខ្លាំង។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង​ឧតុនិយម ទទួលបន្ទុកអាជ្ញាធរទន្លេសាបបានប្រាប់ឲ្យ ដឹងនៅថ្ងៃទី៣ខែ​ឧសភាឆ្នាំ២០១៩ថា ករណីត្រីនៅបឹងទន្លេសាបពុលងាប់រាប់សិបតោនកាលពីពីរ​បីថ្ងៃមុននេះ កើតឡើងដោយសារទឹកនៅតំបន់នោះរាក់និងក្តៅខ្លាំងនៅរដូវប្រាំង ​គាប់ជួនមានខ្យល់កន្ត្រាក់(គួច)ខ្លាំងកើតឡើងធ្វើឲ្យទឹកល្អក់វ៉ល់ ជាហេតុនាំឲ្យត្រី​ងាប់បែបនេះ មិនមានទឹកពុលហូរមកពីណានោះទេ ត្រីនៅតំបន់ទន្លេឆ្មារតែង​តែងាប់បែបនេះស្ទើររាល់ឆ្នាំ។

លោកស៊ីន វិសិទ្ធអគ្គលេខាធិការអាជ្ញាធរទន្លេសាបបានប្រាប់ឲ្យរស្មីកម្ពុជា​​ដឹងនៅថ្ងៃទី៣ខែឧសភាឆ្នាំ២០១៩ថាចាប់ពីថ្ងៃទី២៩ខែមេសាមកដល់ថ្ងៃទី០១ខែ​ឧសភាត្រីនៅបឹងទន្លេសាបដែលមានងាប់ជាទ្រុងទ្រាយធំចំនួន២លើកសរុប​មាន​ចំនួនច្រើនជាង៣០តោនហើយ នៅតំបន់ដែលធ្លាប់កើតមានករណីបែបនេះស្ទើរ​រាល់ឆ្នាំនៅពេលមានភ្លៀងដើមឆ្នាំកើតឡើង។

លោកអគ្គលេខធិការបាននិយាយឲ្យដឹងទៀតថា មួយថ្ងៃបន្ទាប់មានករណី​ត្រីពុលទឹកងាប់ដូចគ្នានេះម្តងទៀតនៅតំបន់ក្បាលតំបនិងផ្លូវព្រែលឆ្កោកក្នុងភូមិ​សាស្ត្រភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ចំនួន​ប្រមាណជា១០ តោនដែលក្នុងនេះមានត្រីរ៉ស់និងត្រីឌៀបប្រមាណជាមួយតោន​ក្រៅពីនេះជាត្រីស្លាតក្រុល រៀល ក្រម៉ម កញ្ចុះ ក្រុសខ្នងវែង កន្ត្របនិងត្រីនុយ​។

លោកម៉ៅ ហាក់ អគ្គលេខាធិការរងនៃអាជ្ញាធរទន្លេសាបដែលមានជំនាញ​ខាងជលសាស្ត្ររាប់សិបឆ្នាំមកហើយបានប្រាប់ឲ្យដឹង នៅថ្ងៃទី៣ខែឧសភានេះ​ថា ទឹកបឹងទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រកំពុងលួង ថ្ងៃនេះមានកម្ពស់០.៧០​ម៉ែត្រទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំនិងទាបជាងកម្ពស់ទឹកកាលពីឆ្នាំ២០១៨​ក្នុងរយៈពេលដូចគ្នា កម្ពស់ទឹកមធ្យមច្រើនឆ្នាំ ០.៨៥ម៉ែត្រ កាលពីឆ្នាំ២០១៨​ក្នុងពេលដូចគ្នានេះទឹកមានកម្ពស់០.៨៩ម៉ែត្រ ។

ទឹកបឹងទន្លេសាបទាបបំផុតនៅ​ក្នុងឆ្នាំ២០១៦ ដែលនៅសល់កម្ពស់តែ០.៤០ម៉ែត្រ៕

 

មតិ