ពិធីជួបជុំអ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំខេត្តរតនគិរី លើកទី១..!

ដោយះរដ្ឋា+ពុទ្ធា
ខេត្តរតនគិរី÷ ដើម្បីចូលរួមអបអរសារទរទិវាពលកម្មអន្តរជាតិ ១ឧសភា២០១៩ជាពិសេស ទិវាសេរីភាពសារព័ត៌មានលើក ទី២៦- ៣ឧសភា ឆ្នាំ២០១៩ មន្ទីរព័ត៌មានខេត្តរតនគិរីក្រោមការផ្តួចផ្តើមពីសំណាក់លោក ថង សាវុន អភិបាលខេត្តរតនគិរីបានរៀបចំឲ្យមានការជួបជុំ រវាងមន្រ្តីរាជការនៃមន្ទីរព័ត៌មាននិងអ្នកសារព័ត៌មានប្រចាំខេត្ត។

ជំនួបលើកទី១នេះប្រារព្្ធធ្វើឡើងនៅភូមិខ្មែរ រី សត ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ថង សាវុន អភិបាលខេត្តនិងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និង បងប្អូនជាភ្នាក់ងារសារព័ត៌មាន ម្ចាស់ស្ថានីយ៍ វិទ្យុ ទូរទស្សសន៍ឯកជនប្រចាំខេត្តសរុបជាង៨០នាក់។

លោក កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរីបានគោរពរាយការណ៍ជូនអំពីការរីកច្រើននៃវិស័យព័ត៌មាន ក្នុងបរិបទនៃសកលភាវូនីកម្មនៃការីកចម្រើនលើផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាបានធ្វើឲ្យការផ្សព្វផ្សាយព័ត៌មាន មានភាពលឿនរហ័ស និងមានភាពទូលំទូលាយដែលប្រការនេះទៀមទារ ឲ្យតួនាទីអ្នកសារព័ត៌មាន់កាន់តែមានចំណេះដឹងជ្រៅជ្រះ និងប្រកបដោយវិជ្ជាជីវៈ ច្បាស់លាស់ និងក្រមសីលធម៌ត្រឹមត្រូវក្នុងការនាំសារជូនដល់មហាជនទូទៅប្រកបដោយការទទួលខុសត្រូវ។

លោក ទីប្រឹក្សាក្រសួងព័ត៌មានបន្តថា បច្ចុប្បន្នមន្ទីរព័ត៌មានខេត្តរតនគិរីមានមន្រ្តីក្របខ័ណ្ឌចំនួន២៥នាក់ និងមន្ត្រីជាប់កិច្វសន្យាចំនួន១១នាក់ កំពុងបម្រើការងារយ៉ាងសកម្មលើជំនាញរៀងៗខ្លួន ។

ដោយឡែកផ្នែកឯកជន ស្ថានីយ៍មានវិទ្យុFMចំនួន៤ស្ថានីយ៍ មានស្ថានីយ៍ទូរទស្សន៍ផ្សាយបន្ត៣ស្ថានីយ៍ មានក្រុមហ៊ុនទូរទស្សន៍ខ្សែកាប៣កន្លែង និងមានភ្នាក់ងារសារព័ត៌មានប្រចាំខេត្តដែលបានចុះបញ្ជីការនៅមន្ទីរចំនួន៤២អង្គភាពនិងអ្នកសារព័ត៌មានឆ្លងកាត់ចំនួន៥១អង្គភាពកំពុងប្រតិបត្តិការក្នុងខេត្ត។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះលោក ថង សាវុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមបំពេញតួនាទីភារកិច្ច ប្រកបដោយវិជ្ជាជីវៈក្នុងនាមជាអ្នកឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម ជាអ្នកនាំសារដ៏
ល្អដែលមិនអាចខ្វះបាន។

លោកបន្តថា ដើម្បីឲ្យអ្នកសារព័ត៌មានក្នុងខេត្ត ឲ្យកាន់តែមានសមភាពបន្ថែមទៀតលោកនិងស្នើរទៅក្រសួងព័ត៌មានតាមរយះ មន្ទីរព័ត៌មានខេត្តតនគិរីពិនិត្យលទ្ធភាព បើកវគ្កបណ្តុះបណ្តាលខ្លីៗដោយអញ្ជើញគ្រូមកបង្ហាត់បង្រៀនដល់បងប្អូនអ្នកសារព័ត៌មានផងដែរ។

ស្របគ្នាជាមួយទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៦ ថ្ងៃទី០៣ ឧសភា ឆ្នាំ២០១៩នេះ លោកអភិបាលខេត្ត បានសម្តែងនូវការចូលរួមអបអរសាទរជាមួយអ្នកសារព័ត៌មាន និងសូមឲ្យអ្នកសារព័ត៌មានទាំងអស់ ពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ពង្រឹងនូវសមត្ថភាព ចំណេះដឹងក្នុងការសរសេរអត្ថបទ ការផលិតព័ត៌មានឲ្យបានត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងអាចទុកចិត្តបានដោយឈរនៅលើប្រភពព័តមាន ប៉ុន្តែអ្នកសារព័ត៌មានមិនត្រូវជឿលើប្រភពព័ត៌មានទាំងស្រុងឡើយ គឺត្រូវចេះពិនិត្យ និងផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់លើព័ត៌មានដែលប្រភពផ្តល់ឲ្យមុននឹងធ្វើការផ្សព្វផ្សាយ និងមិនត្រូវផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កដល់បញ្ហាសង្គម បរិហារកេរ្តិ៍ ឬការប្រមាថដល់បុគ្គលឬសមត្ថកិច្ចជាដើម។

អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនមែនជាចៅក្រម និងមិនមែនជាអ្នកមានអំណាចបញ្ជាដាច់ខាតឡើយ ប៉ុន្តែគ្រាន់តែជាអ្នកនាំពាក្យ ប្រកបដោយប្រភពច្បាស់លាស់ និងឈរលើមូលដ្ឋាននៃព័ត៌មានពិត និងត្រឹមត្រូវ ហើយមានសារៈប្រយោជន៍។អ្នកសារព័ត៌មានត្រូវរួមគ្នាប្រយុទ្ធ នឹងព័ត៌មានក្លែងក្លាយ តាមរយៈការបញ្ចេញព័តមានពិត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា៕

មតិ