នាយកអង្គការ៖ដំរីស្រុកក្នុងខេត្តមណ្ឌលគិរីជាង៤០ក្បាល អាចនិងងាប់ម្តង១ៗ បើគ្មានដំណោះស្រាយ

មណ្ឌលគិរី៖នាយកអង្គការ កាពារសត្វដំរីមួយដែលមានមូលដ្ឋានក្នុងខេត្តមណ្ឌលគិរី បានសម្តែងក្តីព្រួយបារម្មណ៍លើការថមថយនៃចំនួនសត្វដំរីស្រុកដែលមានវត្តមានក្នុងខេត្តមណ្ឌលគិរីនេះ(បានងាប់បណ្តើរៗ)និងថា កត្តាដែលព្រួយបារម្មណ៍មិនអាចកែខៃបានគឺបញ្ហាប្រពៃណីជនជាតិព្នង(ម្ចាស់ដំរី)ដែលរឹតត្បិតមិនអោយមានការបន្តពួជបែបធម្មជាតិនៃសត្វ។

ផ្អែកតាមរបាយការអង្គការកាពារសត្វដំរីហៅកាត់ELIEបានបញ្ជាក់ថាគិតចាប់ពីឆ្នាំ២០១៧រហូតដល់ឆ្នាំដើមឆ្នាំ២០១៩នេះ សត្វដំរីស្រុកនៅខេត្តមណ្ឌលគិរីត្រូវបានគេកត់សម្គាល់ថា បានងាប់ជាបន្តបន្ទាប់ចំនួន៧ក្បាលហើយ។

បើផ្អែកតាមរបាយការណ៍ដែលអង្គការELIEទទួលបាន នៅឆ្នាំ២០១៧ដំរីស្រុកចំនួន ៥ក្បាលបានងាប់ ក្នុងនោះឈឺងាប់៣ក្បាល អាជ្ញាធរបាញ់សម្លាប់ព្រោះវាចុះប្រេងអុកឡុកអ្នកភូមិ១ក្បាល និង១ក្បាលទៀតងាប់ ព្រោះដើរធ្លាក់រណ្ដៅនៅស្រុកស្នួល-ខេត្តក្រចេះ តែជាដំរីខេត្តមណ្ឌលគិរី ចំណែកនៅឆ្នាំ២០១៨មានដំរីងាប់២ក្បាល ១ក្បាលឈឺងាប់ ១ក្បាលទៀតមានអាការៈចុះប្រេងត្រូវម្ចាស់ចងបង្អត់ចំណីរហូតងាប់ សរុបគិតពីឆ្នាំ២០១៧មកត្រឹមដើមឆ្នាំ២០១៩ ដំរីស្រុក៧ក្បាល បានងាប់ ។

ប្រធានអង្គការELIEបន្តថា នៅឆ្នាំ២០១៩នេះដំរីស្រុកក្នុងខេត្តមណ្ឌលគិរី មានការថយចុះនៅសល់តែ៣៨ក្បាលប៉ុណ្ណោះ ដែលដំរីទាំងនោះស្ទើរទាំងស្រុងជាកម្មសិទ្ធរបស់ជនជាតិដើមភាគតិចព្នង ។ លោកប្រធានអង្គការនេះអះអាងថាកត្តាតែមួយគត់ដែលគួរឲ្យបារម្ភ និងមិន អាចស្ដារសត្វដំរីស្រុកនៅខេត្តមណ្ឌលគិរីឡើងវិញបាន គឺប្រពៃណីរបស់ជនជាតិភាគតិចព្នង ព្រោះប្រពៃណីពួកគាត់មិនអនុញ្ញាតឲ្យ សត្វដំរីចិញ្ចឹមបន្តពូជដោយមិនបានរៀបការនោះទេ ហើយការរៀបការនេះអាចធ្វើពិធីធំជាងពិធីរៀបការមនុស្សទៀតផង និងត្រូវ ចំណាយថវិកាច្រើន ហើយក្នុងករណីបណ្ដោយឲ្យសត្វដំរីបន្តពូជដោយមិនបានរៀបការក្នុងភូមិ គេជឿថានឹងមានឧបទ្រពចង្រៃកើត ឡើងក្នុងភូមិជាមិនខាន ។

នាយកអង្គការថែរក្សាសត្វដំរីបញ្ជាក់ថា បច្ចុប្បន្ននៅមិនទាន់មានមធ្យោបាយស្ដារសត្វដំរីស្រុកឡើងវិញនោះទេ អង្គការELIE ក៏ធ្លាប់លើកយកបញ្ហានេះទៅជជែកជាមួយស្ថាប័នពាក់ព័ន្ធដែរ តែពុំទាន់មានលទ្ធផលដូចគ្នា ។

លោកជឿថា បើមិនមានវិធីដោះ ស្រាយទេ នៅពេលខាងមុខសត្វដំរីស្រុកដែលនៅសល់ជិត៤០ក្បាលនេះ ក៏នឹងត្រូវបាត់បង់ជាបណ្ដើរៗទៀតដែរ​ ព្រោះដំរីទាំងនោះ កាន់តែចាស់ ថែមទាំងមិនអាចបន្តពូជផ្អែកតាមជំនឿប្រពៃណី និងពុំមានការទាក់កូនសត្វដំរីព្រៃយកមកភូមិដូចកាលពីបូរាណ នោះទេ៕

 

មតិ