ក្តៅៗ: មេប៉ូលិសស្រីលង្កាលាលែងពីតួនាទីហើយ ដោយសារករណីបំផ្ទុះគ្រាប់បែកកក្រើកប្រទេសកាលពីថ្ងៃអាទិត្យ

.(កូឡុំបូ)៖ មេបញ្ជាការប៉ូលិសប្រទេសស្រីលង្កា លោក Pujith Jayasundara បានលាលែងពីតំណែងហើយ ដោយសារ​ការអសមត្ថភាព ដែលបណ្តាឲ្យឈានដល់មានការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏ប្រល័យកាលពីថ្ងៃបុណ្យគ្រិស្ត Easter។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានឲ្យដឹងថា លោក Jayasundara បានដាក់​ពាក្យលាលែងពីមុខតំណែងរបស់ខ្លួនហើយ ខណៈឆាប់ៗនេះលោកនឹងជ្រើសតាំងមេបញ្ជាការប៉ូលិសថ្មី។ សម្រាប់បុគ្គលនឹងត្រូវ​ជ្រើសតាំងដោយលោក Sirisena ចាំបាច់ត្រូវទទួលបានការឯកភាពពីក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសស្រីលង្កា។ ប៉ុន្មានថ្ងៃមុននេះ មានសេចក្តីរាយការណ៍ថា លោក Sirisena បានបង្គាប់ឲ្យលោក Jayasundara និងរដ្ឋលេខាធិការក្រសួងការពារជាតិស្រីលង្កា​​លាលែងពីតួនាទីរបស់ខ្លួន ព្រោះតែបានបរាជ័យក្នុងការចាត់វិធានការទប់ស្កាត់អំពើភេរវកម្ម។

គួរជម្រាបថា ដំណឹងនៃការលាលែងពីតួនាទីនេះបានកើតមានឡើង បន្ទាប់ពីរដ្ឋលេខាធិការនៃក្រសួងការពារជាតិស្រីលង្កា លោក Hamasiri Fernando បានសម្រេចចុះចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសារតែមូលហេតុដូចគ្នា៕

 

មតិ