ក្រុម ISIS អះអាងថាជាអ្នកនៅពីក្រោយ ការបំផ្ទុះគ្រាប់បែកនៅស្រីលង្កា ដែលផ្តាច់ជីវិតមនុស្ស៣២១នាក់ និងរបួស៥០០នាក់!

(កូឡុំបូ)៖ ទីបំផុតបណ្តាញភេរវករ ISIS ដែលទើបតែបានស្ងប់ស្ងាត់បានមួយរយៈនោះ ទើបចេញមុខអះអាងថា ខ្លួនជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកនៅវិហារសាសនាគ្រិស្ត នៅក្នុងប្រទេសស្រីលង្កាកាលពីថ្ងៃអាទិត្យ​សប្តាហ៍មុន ដោយបានឆក់យកជីវិតមនុស្ស ៣២១នាក់ និងប្រមាណ ៥០០នាក់របួស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយបណ្តាញព័ត៌មានទាន់ហេតុការណ៍ នាល្ងាចថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។

ការប្រកាសរបស់ក្រុមភេរវករ ISIS បានកើតមានឡើងបន្ទាប់ពីប្រមុខការពារជាតិ នៃប្រទេសស្រីលង្កា លោក រូវ៉ា វីហ្សេវ៉ាឌែន (Ruwan Wijewardene) បានអះអាងថា ការវាយប្រហារបំផ្ទុះគ្រាប់បែកជាច្រើនករណី នៅក្នុងប្រទេសដីកោះមួយនេះ​កាលពីថ្ងៃអាទិត្យ គឺត្រូវបានធ្វើឡើងក្នុងន័យសងសឹក ចំពោះករណីវាយប្រហារ​ដ៏មហាប្រល័យ​ នៅឯព្រះវិហារអ៊ីស្លាមក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) នៃប្រទេសនូវែលសេឡង់ ដែលមានគោលដៅទៅលើជនមូស្លីមកាលពីពាក់កណ្តាលខែមីនា និងផ្តាច់ជីវិតមនុស្ស ៥០នាក់។

គួរបញ្ជាក់ថា បន្ទាប់ពីការវាយប្រហារដោយបំផ្ទុះគ្រាប់បែក លើក្រុមអ្នកកាន់សាសនាគ្រិស្ត​នៅស្រីលង្កា កងកម្លាំងប៉ូលិសរបស់ប្រទេសដីកោះមួយនេះបានចាប់ខ្លួនជនសង្ស័យចំនួន ៤០នាក់ ដោយក្នុងនោះម្នាក់គឺជាជនជាតិស៊ីរី ហើយពួកគេទាំងអស់កំពុងស្ថិតនៅក្នុងការ​សួរចម្លើយ។ បន្ថែមពីនេះក្រោយការវាយប្រហារ រដ្ឋាភិបាលស្រីលង្កាក៏បានសន្និដ្ឋាន​ទៀតដែរថា ក្រុមជ្រុលនិយមអ៊ីស្លាមក្នុងស្រុក National Tawheed Jamath ដែលមានទំនាក់ទំនងជាមួយបណ្តាញក្រុមភេរវករអន្តរជាតិ គឺជាអ្នកនៅពីក្រោយការបំផ្ទុះ គ្រាប់បែកទាំងនេះ៕

 

 

មតិ